ក្រសួងអប់រំមិនបើកសាលារៀនឡើងវិញនៅដើមខែមិថុនាខាងមុខឡើយ ដើម្បីតាមដានស្ថានភាពនៃជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍ ពិសេសបង្កា រលកទី២នៃជំងឺនេះ
តាមរយៈសេចក្ដីជូនព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ទៅកាន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ចំពោះសំណូមពររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏ដូចជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈមួយចំនួនឲ្យបើកដំណើរការសាលារៀនឡើងវិញនៅដើមខែមិថុនា ឆ្នាំ២០២០ ឬនៅពេលណាមួយខាងមុខ ក្រសួងបញ្ជាក់ថា គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ គួរបន្តពន្យារពេលក្នុងការបើកដំណើរការឡើងវិញ ដើម្បីតាមដានស្ថានភាពនៃជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍ ជាពិសេសបង្ការរលកទី២នៃជំងឺនេះ។
ចំពោះការបន្តពន្យារពេលនៃការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនេះ ក្រសួងលើកឡើងថាដោយសារតែ ជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលខ្លាំងឡើងៗនៅលើពិភពលោក ដែលមកទល់ពេលនេះ ជំងឺនេះបានចម្លងដល់មនុស្សជាង៤លាននាក់ និងសម្លាប់មនុស្សជាង៣ម៉ឺននាក់។ ដោយឡែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានករណីឆ្លងជិត ៦ម៉ឺនករណី និងស្លាប់ជិត ២ពាន់នាក់។ ម្យ៉ាងស្ថានភាពនៃការរីករាលដាលនៃជំងឺនេះនៅក្នុងសកលលោក នៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយ ព្រោះមិនទាន់រកឃើញថ្នាំ និងវ៉ាក់សាំងព្យាបាលនោះទេ។
ក្រសួងបញ្ជាក់ថា បើយោងតាមសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ក្រសួងសុខាភិបាលបានបញ្ជាក់ម្ដងទៀតថា ទោះបីជាប្រទេសកម្ពុជាអាចគ្រប់គ្រងបាន ដោយមិនមានករណីវិជ្ជមានថ្មីនៃវីរុសកូវីដ១៩អស់រយៈពេលមួយខែ និងមិនមានអ្នកស្លាប់ក៏ដោយ ប៉ុន្តែកម្ពុជានៅតែប្រឈមនឹងហានិភ័យខ្ពស់ ប្រសិនបើមិនបន្តអនុវត្តតាមវិធានការដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធបានដាក់ចេញកន្លងមក។
ម្យ៉ាងវិញទៀត ការបន្តពន្យារពេលក្នុងបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ គឺដើម្បីការពារអាយុជីវិត សិស្ស និស្សិត និងដើម្បីបន្តនិរន្តភាពនៃការសិក្សា ក្រសួងអប់រំ បានដាក់ចេញនូវយន្តការនៃការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចជាច្រើនទម្រង់ ហើយក្រសួងក៏បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន បើកដំណើរការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ និងប្រឡងអនឡាញ ដើម្បីបញ្ចៀសបច្ច័យអវិជ្ជ មាន ដែលអាចនាំឲ្យគ្រឹះស្ថានសិក្សាឯកជនប្រឈមមុខនឹងការបិទទ្វារផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ ការពន្យាពេលបើកដំណើរការសាលារៀនឡើងវិញនេះដែរ ផ្ដោតលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ ជាលក្ខណៈបច្ចេកទេស ដោយ សារថ្នាក់រៀនកម្ពុជាមានទំហំធំ មានសិស្សពី ៥០ ទៅ ៦០នាក់ ដែលមិនអាចអនុវត្តស្ដង់ដារវិធានការពាររបស់អង្គការសុខភាពពិភពលោក(WHO) ដូចជាការរក្សាគម្លាត និងការបង្រួមថ្នាក់ឲ្យនៅត្រឹម ២០នាក់ក្នុងមួយថ្នាក់បានឡើយ។
លើសពីនេះ ក្រសួងអប់រំក៏បានបញ្ជាក់បន្ថែមថា ប្រសិនបើកម្ពុជាបើកដំណើរការសាលារៀនឡើងវិញលឿនពេក នោះកម្ពុជានឹងប្រថុយរងនូវការចម្លងពីរលកទី២នៃជំងឺកូវីដ១៩នេះ ដែលនឹងអាចធ្វើឲ្យសិស្សានុសិស្សប្រឈមនឹងហានិភ័យនៃការឆ្លង ពិសេសសាលារៀននឹងក្លាយទៅជាប្រភពចម្លងនៃការឆ្លងចូលសហគមន៍ ជាក់ស្ដែងបច្ចុប្បន្នក្នុងចំណោ មប្រទេស ១៨៦ លើពិភពលោកដែលបានបិទសាលារៀន មានតែប្រទេស ៩ប៉ុណ្ណោះ ដែលប្រកាសនឹងបើកសាលារៀនឡើងវិញ៕SP